មហាជនសុទ្ធសឹងតែជា្របហើយពីប្រជាប្រិយភាពរបស់ ម្ចាស់ជ័យលាភី Cambodian Idol រដូវកាលទី ៤ លីម តិចម៉េង ដែលរូបលោកពិតជាទទួលបានការស្រឡាញ់គាំទ្រយ៉ាងខ្លាំងក្លាពីមហាជនទូទាំងប្រទេស ដែលអាចនិយាយបានថាក្លាយជាអាយដលក្នុងក្រអៅបេះដូងរបស់អ្នកគាំទ្រវិស័យចម្រៀងគ្រប់គ្នា។
ជាមួយនឹងការគាំទ្ររបស់មហាជន មិនត្រឹមតែស្រឡាញ់ចូលចិត្តចំពោះសមត្ថភាព ទេពកោសល្យរបស់ ម្ចាស់ជ័យលាភីរូបនេះទេ តែរូបលោកក៏បានឆក់យកបេះដូងមហាជនជាមួយនឹងអត្តចរិកឫកពារដ៏ល្អពេញដោយគុណធម៌ និង រូបសម្បត្តិគួរស្រឡាញ់ ស្នាមញញឹមស្រស់មានមន្តស្នេហ៍របស់លោក ដែលធ្វើឱ្យអ្នកគាំទ្រជាច្រើន ជាពិសេសនារីៗលង់ស្រឡាញ់រូបលោកផងដែរ។
លើសពីនេះ លីម តិចម៉េង តែងឆក់ចំណាប់អារម្មណ៍មហាជនអ្នកគាំទ្រឱ្យសើចសប្បាយគ្រប់គ្នាតាមរយៈកាយវិការកំប្លែងៗ ស្ទាយប្លែកៗ រហូតធ្វើឱ្យមហាជនមួយចំនួននិយាយលេងសើចដោយលើកឡើងថា អាយដលឡប់ៗ តែគួរឱ្យស្រឡាញ់ទៀតផង។
ដោយឡែក ថ្មីៗនេះ ក៏បានឃើញវីដេអូខ្លីមួយរបស់ លីម តិចម៉េង ដែលលោកបានបង្ហាញនូវអារម្មណ៍ពិតជុំវិញរឿងដែលលោកចូលចិត្តលេងសើចសប្បាយធ្វើអ្វីប្លែកៗឡប់ៗ គឺព្រោះតែចង់បម្រើអារម្មណ៍ឱ្យមហាជនអ្នកគាំទ្រសើចសប្បាយប៉ុណ្ណោះ។
ក្នុងនោះ លីម តិចម៉េង បាននិយាយរៀបរាប់ថា ៖ «តាមពិតទៅនៅពេលដែលលេងសើចចឹង មានបងប្អូនខ្លះក៏គាត់ចូលចិត្ត គាត់ស្រឡាញ់ គាត់សប្បាយចិត្ត តែមានបងប្អូនខ្លះក៏គាត់ថាអាយដលគ្រប់ទឹកអត់? អាយដលមានធ្វើអីខុសច្បាប់អត់? បែកអីចឹងណា តែជាអារម្មណ៍មួយដែលខ្ញុំចង់បង្ហាញ តាមពិតទៅខ្ញុំចង់ឱ្យបងប្អូនសប្បាយសើចទេ ហើយរឿងសេដយំអី ខ្ញុំក៏ចេះដែរ តែខ្ញុំអត់ចង់ធ្វើ វាអត់ចំណេញ ហើយក៏ធ្លាប់សេដដែរ តែគ្រាន់តែមិនបញ្ចេញ ព្រោះវាមិនចំណេញ ហើយអាចប៉ះពាល់ដល់អារម្មណ៍បងប្អូនទៀត»៕